យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។
ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែឡបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឯកឧត្តម អំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន៕
អត្ថបទ៖ អក្ខរា