ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែងព្រោងព្រាត ក្រោយពីបានឃើញវីដេអូសកម្មភាពមេប៉ុស្តិ៍មួយរូប មកបញ្ឈប់ការសម្តែងល្ខោនបាសាក់ទាំងកណ្តាលទី ដោយសួររកច្បាប់អនុញ្ញាត។
តាមសំដីពលរដ្ឋក្នុងឃ្លីបវីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍នោះ បានឲ្យដឹងថា ការមកកាត់ចង្វាក់សម្តែងល្ខោនពីសំណាក់មេប៉ុស្តិ៍រូបនេះ បានកើតឡើងនៅក្នុងពិធីបុណ្យកឋិននៅវត្តមួយកន្លែង(អូរលង់) ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។មេប៉ុស្តិ៍ស័ក្តិ៣លើស្មាររូបនោះសង្ស័យទំនងជាស្រវឹងស្រា បានចុះទៅហាមឃាត់មិនឲ្យសម្តែង ថាអត់មានច្បាប់អនុញ្ញាត និងដកហូតទូរស័ព្ទក្រុមល្ខោនទៀតផង។
ក្រុមសិល្បៈល្ខោនបាក់សាក់ខ្មែរ ដែលគេស្គាល់ថា ក្រុមនាយប្រិយប្រិយ បាននិយាយពីឆាកសម្តែងថា ខ្លួនពុំបានដឹងរឿងបានសុំច្បាប់ ឬមិនសុំច្បាប់នេះឡើយ ដឹងត្រឹមថាចៅអធិការវត្តបានទាក់ទងមកសម្តែង បើចង់សួរនាំគួរទៅសួរខាងវត្តទើបត្រូវ មិនគួរមករករឿង សម្លុត គំរាមប្រើហិង្សាមកលើក្រុមសម្តែងនោះទេ។
ក្រុមល្ខោនបានអះអាងថា នេះជាលើកទីមួយហើយ និងមិិនដែលធ្លាប់ជួបទាល់តែសោះ ដែលក្រុមរបស់ខ្លួនត្រូវបានផ្អាកពីអាជ្ញាធរ ព្រោះការមកសម្តែងនេះមិនមែនមកលេងដោយស្ម័គ្រចិត្ត ឬលួចសម្តែងនោះទេ គឺសុទ្ធតែមានការជួលពីសំណាក់គណៈកម្មការវត្ត មកសម្តែងជូនប្រជាពលរដ្ឋបានទស្សនា។
ក្រោយការវែកញែកតសម្តីគ្នារវាងមេប៉ុស្តិ៍ និងក្រុមល្ខោន ទាំងលើឆាកនិងក្រោមឆាកនេះ បានធ្វើឲ្យពលរដ្ឋអ្នកមកមើលការសម្តែងផ្ទាល់សម្តែង មានការមិនពេញចិត្តជាខ្លាំង រហូតដល់ផ្ទុះការរិះគន់ទៅកាន់មេប៉ុស្តិ៍រូបពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
ករណីនេះដែរ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ បានបង្ហោះសារឲ្យដឹងថា៖ “ដំណឹងបឋម ! មេប៉ុស្តិ៍រូបនេះ ត្រូវទទួលចំណាត់ការ និងដកចេញនាពេលខាងមុខ ប្រហែលជាមិនលើស ២៤ម៉ោងឡើយ។ ត្រូវដកបុគ្គលរូបនេះមកខេត្ត ហើយត្រូវទទួលវិធានការវិន័យ និងវិធានការរដ្ឋបាល។ សូមបញ្ជាក់ថា បុគ្គលរូបនេះថ្នាក់លើបានអប់រំច្រើនលើកហើយ ចំពោះការអនុវត្តន៍ការងារខុសពីគោលការណ៍រាជរដ្ឋាភិបាល”។ ដូច្នេះ លទ្ធផលអនុវត្តន៍ច្បាប់ទៅលើលោកមេប៉ុស្តិ៍នេះ អាចនឹងចេញឆាប់ៗ៕
អត្ថបទ៖ អក្ខរា