កម្ពុជា​ កំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់​ នាពេលអនាគត

ឯកឧត្តម កែវ​រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​និងថាមពល​បានឲ្យដឹងថា កម្ពុជាផលិតថាមពលកកើតឡើងវិញ​ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេស​មានបរិមាណជាង ​៦​២​% ​នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។​ ពោលគឺថាមពល​ដែលបានមកពីប្រភព៖ ​វារីអគ្គិសនី​ថាមពលពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស។ គោលការណ៍របស់អាស៊ាន​គឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញ​ឱ្យបាន៣​៥​%​ នៅឆ្នាំ២​០​៣​០​​ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។

ឯកឧត្តមបន្តថា បច្ចុប្បន្ន​កម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ​៤​០​០​០​​មេហ្គាវ៉ាត់​ក្នុងមួយឆ្នាំ ​ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ​ ២​៤​០​០​មេហ្គាវ៉ាត់ប៉ុណ្ណោះ​ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត។ ដូច្នេះ​កម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគត​ក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងបែបនេះ ក្នុងវេទិកាស្តីពី​“​គោលនយោបាយរ៉ែ​​និងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕