ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ការ​គាំទ្រចំពោះការ​ចាប់​ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់” និង “កម្មវិធីរបបសន្តិសុខ​សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.”។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនៃ​សាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជា​បន្ថែមទៀត​ ជាពិសេស​សម្រាប់​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស។ 

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបាន​ជួយគាំទ្រ​ដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​នាពេល​កន្លងមក។ ជាក់ស្តែង តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយ​ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញ​បច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​បាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង។ 

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែក​ជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជន​កម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា​ជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋ​ឆែក​នាពេលកន្លងមក។ 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំ​សុខភាព គឺជាចំនុច​អាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានា​បាននូវមូល​ធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។ ទន្ទឹមនេះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាល​នៃ​សាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុង​តំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខមាលភាពផងដែរ។ 

សូមបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕

#MLVT #HENGSour