សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធសមិទ្ធផលជាច្រើន។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តម្រូវការថវិកាជាតិមានច្រើន ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ បើតាមសម្តេចធិបតី កម្ចីប្រាក់ពីបរទេស ត្រូវបានគ្រប់គ្រង និងផែនការច្បាស់លាស់ ជាពិសេសកម្ចី យកមកអភិវឌ្ឍន៍បម្រើប្រយោជន៍សាធារណៈ ពង្រីកសក្តានុពលសេដ្ឋកិច្ច និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ ហើយនៅតែជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា ការសម្ពោធផ្លូវជាតិលេខ៥ ជាព្រឹត្តិការណ៍ពិសេសព្រោះចំខួប ៣ខែ នៃថ្ងៃកំណើតរបស់រាជរដ្ឋាភិបាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មី វ័យក្មេងរបស់កម្ពុជា បញ្ចេញថ្វីដៃយ៉ាងក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅទៀត។
មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែ ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាលទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាងសូត្រទ្រឹស្តី៕
អត្ថបទ៖ អក្ខរា