សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហជីពវិជ្ជាជីវៈ កុំយកដៃកម្មករនិយោជិតទៅបម្រើនយោបាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់សហជីពវិជ្ជាជីវៈទាំងអស់ ត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី ដោយកុំយកឈ្មោះជាសហជីព តែប្រមូលកម្មករយកទៅធ្វើអ្វីផ្សេង ពិសេសការងារនយោបាយ។

សម្តេចធិបតីគូសបញ្ជាក់ថា ការប្រមូលកម្មករយកទៅបម្រើនយោបាយ វាមិនចំណេញនោះទេ តែបើជាតំណាងសិទ្ធិរបស់កម្មករកម្មការិនី ដោះស្រាយបញ្ហាណាមួយ ត្រូវបង្កើតរៀបចំឲ្យចំជំនាញ ពោលគឺកុំយកដៃកម្មករកម្មការិនី​យកទៅធ្វើអ្វីផ្សេង។

ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងកម្មករនិយោជិត ក្នុងការចចារផ្សេងៗដោយសន្តិវិធី ដែលជាអត្ថប្រយោជន៍កម្មករ។ បន្ថែមពីនេះ សម្តេចធិបតី ណែនាំឱ្យប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានៅក្នុងរោងចក្រ សហគ្រាស។ កុំធ្វើរឿងតូច ឱ្យទៅជាធំ គ្មានរឿង ទៅបង្កើតជារឿង។

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងវេទិកាជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា