កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-ផាត នាយប៉ុស្តិ៍ស្ដីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រ វរសេនាតូច៥៣៣ ចំនួន៤នាក់ រួមនិងកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៤នាក់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយភាគីថៃទាហានឈុតខ្មៅថៃកងអនុសេនាធំលេខ១៣០៣ ចំនួន៩នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក វិរ៉ាត់-លឿងអន(មេក្រុម)។
របៀបវារៈពិភាក្សារួមមាន៖ ១-ភាគីទាំង២ស្នើឲ្យមានការជួបពិភាក្សាគ្នាក្នុង១ខែម្ដង។ ២-សុំអនុគ្រោះដល់ប្រជាពលរដ្ឋដែលចូលទៅរកអុស រកឃ្មុំ ក្នុងទឹកដីថៃ ។ ៣-បើមានករណីចាប់ ឬឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរសូមឲ្យភាគីថៃជួយអប់រំណែនាំនិងបញ្ជូនឲ្យកម្លាំងជួរមុខ។ ៤-ភាគីទាហានឈុតខ្មៅថៃដែលទើបផ្លាស់មកថ្មីស្នើសុំមកជួបខាងភាគីកម្ពុជាដើម្បីស្គាល់គ្នា ។
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅនៅគោលដៅប្រចាំការទឹកធ្លាក់ត្រង់ចំណុចភូមិសាស្ត្រ ភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ភាគីទាំងពីរបានឯកភាពគ្នាលើរបៀបវារៈទាំង៤។ នេះបើតាមការឲ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕