មូលហេតុមិនគោរពបទបញ្ជានិងវិន័យ សម្តេចធិបតីបណ្តេញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចលុបឈ្មោះវរសេនីយ៏ឯក ទៀវ ម៉ារឌី មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ បេីយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥​ ខែ វិច្ឆិកា​ ឆ្នាំ២០២៣​។

ការលុបឈ្មោះ​វរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ​ គឺយោងតាមសំណេីរដ្ឋមន្ត្រីក្រសួងការពារជាតិ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ឯក អេង ហ៊ី បានប្រាប់កាសែតក្នុងស្រុកថា សម្ដេចនាយករដ្ឋមន្ត្រីពិតជាបានចេញលិខិតលុបឈ្មោះពិតប្រាកដមែន ដោយសារមិនគោរពបទបញ្ជានិងវិន័យ។  

លោកថា មូលហេតុដែលឈានទៅដល់ការស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌនេះដោយសារតែមន្ត្រីកងរាជអាវុធហត្ថរូបនេះមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជ អាវុធហត្ថ និងវិន័យតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបាត់មុខពីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល ហើយបុគ្គលនេះ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថិតលើផ្ទៃប្រទេស ដើម្បីធ្វើការកែប្រែ ប៉ុន្តែបុគ្គលរូបនេះនៅតែមិនចូលមកអង្គភាពដដែល ទើបមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំតាមឋានានុក្រមដើម្បីលុបឈ្មោះចេញពីកងយុទ្ធពលខេមរភូមិន្ទតែម្ដង៕