“សម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង” នេះជាការថ្លែងសារអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
គួរឲ្យដឹងថា ការផលិតក្នុងស្រុកមានការកើនឡើង ឬថយចុះគឺអាស្រ័យលើការគាំទ្ររបស់អ្នកប្រើប្រាស់ ព្រោះអ្នកប្រើប្រាស់ជាដង្ហើមសម្រាប់ទ្រទ្រង់នូវប្រតិបត្តិការនានា។ មួយវិញទៀត ការគាំទ្រផលិតផលក្នុងស្រុកកើនឡើង ជាសញ្ញាណមួយបង្ហាញពីភាពវិជ្ជមាននៃការកើនឡើងអ្នកផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលផងដែរ។
មិនតែប៉ុណ្ណោះ ខ្មែរគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាន់តែមានគុណភាព ផ្តល់ការងារដល់ពលរដ្ឋក្នុងស្រុក កាត់បន្ថយការចំណាកស្រុក និងបង្កើនចំណូលជាតិ។
សម្រាប់ផលិតផលដែលមានគុណភាព និងតម្លៃប្រហាក់ប្រហែលគ្នា អ្នកគួរគាំទ្រផលិតផលក្នុងស្រុក ព្រោះគ្រាន់តែទិញផលិតផលក្នុងស្រុកមួយ ប្រៀបបាននឹងជួយជីវភាពកសិករដូច្នោះដែរ។ ម្ល៉ោះហើយដើម្បីឲ្យការផលិតក្នុងស្រុកមានការកើនឡើង វាមិនមែនគ្រាន់តែអាស្រ័យលើគោលនយោបាយជាតិតែមួយនោះទេ វាក៏ពឹងផ្អែកស្ទើរតែទាំងស្រុងលើការគាំទ្ររបស់អ្នកប្រើប្រាស់ផងដែរ៕
អត្ថបទ៖ អក្ខរា