សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ ទី១. កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ទី២. កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងទី៣. កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។ កម្មវិធីនយោបាយអាទិភាពទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា