ក្រសួងអប់រំ បន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌សិស្ស

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែល​បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។ ក្នុងនោះក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សា ពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ ដែលត្រូវដាក់ឱ្យអនុវត្តនៅតាមសាលារៀនទូទាំងប្រទេសចាប់ពីឆ្នាំសិក្សាថ្មី ២០២៣-២០២៤តទៅ។ ក្នុងនោះរួមមានស្តង់ដា៖ (១).លទ្ធផលសិក្សារបស់សិស្ស (២).របៀបបង្រៀន និង​រៀន (៣).ការចូលរួមរបស់សហគមន៍ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (៥).គណនេយ្យភាពរបស់សាលា​រៀន។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៣។

ក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានចែករំលែកនូវបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងអប់រំជាច្រើននៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអាហារូប​ករណ៍​ Fullbirght របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយរំពឹងថានឹងមានយុវជនកម្ពុជាកាន់តែច្រើនចាប់យកឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ អក្ខរា