ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបតែងតែមានមោទនភាព និងមានកិត្តិយសណាស់ដែលកើតមកជាកូនខ្មែរ ជាពិសេស កើតនៅលើទឹកដីខ្មែរដែលមានដូនតាជាអ្នកកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ។ ដ្បិតថា លិខិតឆ្លងដែនខ្មែរ មិនទាន់មានឥទ្ធិពលខ្លាំងដូចប្រទេសជឿនលឿនដទៃទៀតមែន ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស តែងតែមានមោទនភាពណាស់នៅពេលកាន់លិខិតឆ្លងដែននេះ។ ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុកឈ្មោះថា Ebook Cambodia បែរជាមើលងាយ មើលស្រាលចំពោះអ្នកកាន់លិខិតឆ្លងដែនខ្មែរទៅវិញ។
ការមើលងាយជាតិសាសន៍ខ្លួនឯង គឺរឿងដ៏គួរឱ្យស្អប់ខ្ពើម និងមិនគួរលើកលែងឱ្យសោះ។ ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា Ebook Cambodia បានបញ្ចេញការរិះគន់តាមអារម្មណ៍ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស កិត្យានុភាពប្រទេសកម្ពុជា និងអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។ ផ្តើមចេញពីការមិនពេញចិត្តទៅនឹងការរៀបចំបង្ហាញរថយន្តទំនើបៗ ថ្លៃៗកក់ពពកដែលធ្វើឡើងនៅផ្សារទំនើប Chip mong 271 mega mall ទំព័រហ្វេសប៊ុក Ebook Cambodia ហ៊ានរិះគន់ និងវាយប្រហារលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
ជាការពិត ការរិះគន់ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ដូចយ៉ាង កម្ពុជានេះ។ ការរិះគន់ មិនមែនជាបទល្មើសដែលត្រូវផ្តន្ទាទោសទេ ល្គឹកណា ការរិះគន់នោះ អនុលោមទៅតាមច្បាប់ជាធរមាន។ បើសិនជាទំព័រហ្វេសប៊ុក Ebook Cambodia មិនពេញចិត្តលើកម្មវិធីនេះ គួរណាស់តែរិះគន់ទៅលើបុគ្គល ឬក្រុមណាមួយទៅ គឺជារឿងដែលមិនមានបញ្ហា។ ប៉ុន្តែ បញ្ហានៅត្រង់ថា ហេតុអ្វីចាំបាច់យករឿងលិខិតឆ្លងដែនខ្មែរទៅលាយលំនឹងកម្មវិធីនេះ?
ឃ្លាថា៖«កុំគិតថា ខ្លួនឯងអស្ចារ្យ ដរាបណាអ្នកកាន់លិខិតឆ្លងដែនខ្មែរ ចេញទៅក្រៅ អ្នកនៅតែមកពីប្រទេសក្រីក្រ ពួកគេនៅតែមើលងាយអ្នកដដែល»។ តើក្រុមអស់លោកដែលគ្រប់គ្រងទំព័រហ្វេសប៊ុក Ebook Cambodia ចង់មានន័យថា ម៉េច? តើក្រុមអស់លោកចង់បានអ្វីឱ្យប្រាកដពីសរសេរបែបនេះ? ចង់បានគេអាន គេមើលច្រើន ដើម្បីរកលុយបានពីហ្វេសប៊ុក? ឬក៏គ្រាន់តែចង់ឱ្យគេទៅDownload App របស់អស់លោក ដើម្បីផលប្រយោជន៍របស់អស់លោក?
ទោះបីក្នុងន័យណាមួយក៏ដោយ ក៏ទង្វើរបស់អស់លោកនេះ មិនអាចទទួលយកបាន និងមិនត្រឹមត្រូវឡើយ ហើយថែមទាំងមិនថ្លៃថ្នូរថែមទៀត បើសិនអស់លោក ជាខ្មែរពិតប្រាកដ។ ការយកកិត្តិយស កិត្យានុពលប្រទេសជាតិខ្លួនឯងមកលេងសើច មកជាន់ឈ្លី ដើម្បីតែផលប្រយោជន៍ គឺជារឿងដ៏គួរឱ្យស្អប់ខ្ពើមបំផុត និងគួរជៀសវាងឱ្យបាន។ ប្រទេសគេ សាសន៍គេដទៃ គេមិនបានមើលងាយខ្មែរទេ តែអស់លោកទៅវិញទេដែលដើរតួជំនួសពួកគេ ហើយមកមើលងាយប្រទេសជាតិខ្លួនឯង។ សួរខ្លួនឯងមើល តើសមទេ? សមជាមនុស្សទេ? សមជាជនជាតិខ្មែរទេ? ចូរគិតឡើងវិញ!
ការលើកឡើងថា៖«ដរាបណាអ្នកកាន់លិខិតឆ្លងដែនខ្មែរ ចេញទៅក្រៅ អ្នកនៅតែមកពីប្រទេសក្រីក្រ ពួកគេនៅតែមើលងាយអ្នកដដែល» សួរដូចឆោតទៅវិញ តើអស់លោកបានទៅដល់ប៉ុន្មានប្រទេសហើយ? តើប្រទេសណាខ្លះ គេមើលងាយអ្នកកាន់លិខិតឆ្លងដែនខ្មែរ? ឬក៏អស់លោក គ្រាន់តែសរសេរចេញពីក្នុងមុង ឬក៏ដេកស្រមើស្រមៃ ហើយងើបមកសរសេរបែបនេះ? ជួយបង្ហាញភស្តុតាងមកផងថា មានសាសន៍ដទៃគេមើលងាយថា អស់លោកមកពីប្រទេសក្រីក្រ ព្រោះតែកាន់តែលិខិតឆ្លងដែនខ្មែរនោះ? សូមកុំដូចកង្កែបក្នុងអណ្តូងពេក បរទេសគេមិនធ្វើបែបនោះឡើយ ហើយមានតែក្រុមរបស់អស់លោកទេ ដែលអាចធ្វើបែបនេះ និយាយបែបនេះចេញមកបាន។
ដូចបានលើកឡើងខាងលើ ការបញ្ចេញមតិ ការរិះគន់ មិនមែនជារឿងខុសច្បាប់ទេ ប៉ុន្តែ មុននឹងបញ្ចេញមតិ មុននឹងធ្វើការរិះគន់ ក៏គួរណាស់ប្រើខួរក្បាលគិត ប្រើសតិសម្បជញ្ញៈខ្លះដែរ កុំឱ្យការបញ្ចេញមតិ ការរិះគន់ចេញមក វាមិនសមហេតុផល ហើយវាប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជនកម្ពុជា។ ការបញ្ចេញមតិ ការរិះគន់ដែលល្អ ដែលមានគុណភាព និងប្រសិទ្ធភាព គឺធ្វើវាដោយប្រើខួរក្បាល ប្រើបញ្ញា កុំធ្វើវាតាមអារម្មណ៍ស្រឡាញ់ ខឹង ស្អប់ ហើយរិះគន់ឱ្យចំចំណុច ដោយផ្អែកលើការពិតជាក់ស្តែង បង្ហាញភស្តុតាង និងបើសិនជាអាច ក៏គួរតែមានការផ្តល់នូវដំណោះស្រាយផងដែរ៕
ដោយ៖ ជម្ពូនុទ