ហេតុការណ៍បាញ់បោះសេរីនៅលេីភ្នំគីរីរម្យជាង២០០គ្រាប់ (អាវុធវែង, ខ្លី) កាលពីថៃ្ងទី១១ វិច្ឆិកា២០២៣ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនារីរ័ត្នគីរីរម្យ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញាពាក់ព័ន្ធ និងបានស្នេីសុំដីកាបញ្ជាឲ្យចូលខ្លួនលេីបុគ្គលឈ្មោះ កង តារាវិឆៃភេទប្រុសអាយុប្រហែល ៣០ឆ្នាំជាម្ចាស់ផ្ទះដីចំការនិងជាអ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក។
នៅថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បក្ខពួកក្នុងចំណោមអ្នកដែលបានចូលរួមក្នុងសកម្មភាពខាងលេី៤នាក់បានចេញមុខសារភាពចំពោះមុខសមត្ថកិច្ច និងប្រគល់វត្ថុតាងអាវុធខ្លីគ្រប់ម៉ាកចំនួន ០៣ដេីម និងបានសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច។
នៅថ្ងៃនេះ សមត្ថកិច្ចនគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធពិសេសឈ្មោះកងតារាវិឆៃសូមប្រគល់ខ្លួន និងអាវុធជូនសមត្ថកិច្ចមុនចំណាត់ការចាប់ខ្លួន។ បច្ចុប្បន្នបុគ្គល៤នាក់ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕