ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំការពិនិត្យវាយតម្លៃជ្រើសរើសសម្រាំង អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ. ដើម្បីពិនិត្យវាយតម្លៃជ្រើសរេីសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ​. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សរុបអ្នកចូលរួមចំនួនប្រមាណ ៤៥នាក់។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ លេខ៥៤ អនក្រ.បក ស្តីពី «ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល ឱ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយឈរលើគោលការណ៍សុក្រឹតភាព តម្លាភាព និងសមិទ្ធកម្ម។

ជាមួយគ្នានេះ កាលពីឆ្នាំ២០១៩ ជ័យលាភីចំណាត់ថ្នាក់លេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ បានទៅលើវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង រីឯជ័យលាភីលេខ១ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ សុខាភិបាល ក្នុងកម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣ បានទៅលើមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម។

ដោយឡែកសម្រាប់ឆ្នាំ២០២៣ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តាមរយៈប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យដំណើរការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានកំណត់យក អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអបរំ​ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ជាអង្គភាពផ្តល់សេវាសាធារណៈ ក្នុងការវាយតម្លៃ ឆ្នាំ២០២២-២០២៣។ បច្ចុប្បន្ន ការអនុវត្តដំណើរការការវាយតម្លៃ និងការទទួលស្គាល់ បាននិងកំពុងឈានដល់ដំណាក់កាលជ្រើសរើសសម្រាំងបេក្ខភាព ដើម្បីបន្តនីតិវិធីវាយតម្លៃបន្ទាប់ មុនឈានដល់ដំណាក់កាលជ្រើសរើសជ័យលាភី នាពេលខាងមុខ ស្របតាមកាលបរិច្ឆេទកំណត់៕