«យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា គ្រឹស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការចូលរួមទប់ស្គាត់មិនឲ្យមានកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង ឬទស្សនៈជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតត្រូវរួមគ្នា កុំឲ្យកើតមាន ហើយបើមានត្រូវលុបបំបាត់ឲ្យអស់ ដើម្បីថែរក្សាសន្តិភាព និងភាពសុខុដុមរមនានៅក្នុងសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំនោះឡើយ។ ទន្ទឹមនោះដែរ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា គ្រប់សាសនាទំាងអស់សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក៕
អត្ថបទ៖ អក្ខរា