សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឈរលើនិមិត្តរូបពីរ គឺការអភិរក្ស និងការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាការតភ្ជាប់ពីខេត្តសៀមរាបទៅកាន់ពិភពលោក។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួនពីរ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺទី១. ការអភិរក្ស និងទី២. ការអភិវឌ្ឍ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែពនេះក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

ព្រលានយន្តហោះនេះ មានសមត្ថភាពទទួលយន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ សាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕

អត្ថបទ៖ អក្ខរា