ឯកឧត្ដម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃគម្រោងដំឡើងស្ថានីយផ្កាយរណប និងស្ថានីយព្យាករណ៍ស្វ័យប្រវត្តិអាកាសធាតុ ដោយមានការចូលរួមពីលោក Shin Yonghwa នាយករង KOICA ប្រចាំកម្ពុជា លោក Ryu Dong Wook នាយកប្រតិបត្តិត្រួតពិនិត្យ និងអធិការកិច្ចកូរ៉េ និងមន្ត្រីគ្រប់គ្រងកម្មវិធី KOICA ប្រធាននាយកដ្ឋានឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងបញ្ជាក់ថា សមិទ្ធផលដែលបាននិងកំពុងដាក់ឱ្យដំណើរការយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់នេះទទួលបានជំនួយពីវិទ្យាស្ថានរដ្ឋបាលឧតុនិយម(KMA) និងវិទ្យាស្ថានឧតុនិយមកូរ៉េ(KMI) នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបភាគីកូរ៉េជាពិសេសតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ឱ្យជួយបង្កើតវិទ្យាស្ថានអង្កេតជលសាស្រ្តថ្មីមួយទៀត ដូចធ្វើនៅក្នុងប្រទេសវៀតណាម ដើម្បីឱ្យស្ថាប័នមួយនេះធ្វើការព្យាករ និងអង្កេតបានកាន់តែសុក្រឹត និងបានស្នើសុំឱ្យភាគីកូរ៉េជួយពង្រឹងសមត្ថភាព និងជួយសម្ភារៈបំពាក់លើស្ថានីយផ្កាយរណប និងស្ថានីយព្យាករណ៍ស្វ័យប្រវត្តិបន្ថែមទៀត ដើម្បីឱ្យមាននិរន្តរភាព៕