សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ (Bus Lane) ដើម្បីសម្រួលការធ្វើចរាចរណ៍ ដោយសារផ្លូវនៅរាជធានីភ្នំពេញ មានលក្ខណៈតូចចង្អៀត។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។

សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ មានចំនួន១៨ខ្សែ ជុំវិញរាជធានីភ្នំពេញ។​ ម៉ោងដំណើរការ ៥,៣០នាទីព្រឹក ដល់ ៨,៣០នាទីយប់​តម្លៃសំបុត្រ ១៥០០៛/ម្នាក់/លើក លើកលែង ព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារកំពស់ក្រោមមួយម៉ែត្រ។

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនដែលបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ បានលើកសរសើរពីការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង​ជួយកាត់បន្ថយការចំណាយជាដើម។ ទន្ទឹមនឹងផលប្រយោជន៍, ការប្រើប្រាស់រថយន្តសាធារណៈ ពលរដ្ឋខ្លះក៏លើកឡើងពីការភាពលំបាកផងដែរ ជាពិសេសមានភាពយឺតយ៉ាវតែម្តង៕

អត្ថបទ៖ អក្ខរា