ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេសជួលផ្ទះរក្សាពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេសនោះទេ ពោលគឺការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ៥០ឆ្នាំ) ដើម្បីប្រយោជន៍សេដ្ឋកិច្ច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ បន្ទាប់ពីមានការបកស្រាយយកទៅកេងចំណេញនយោបាយ។ សម្តេចបានថ្លែងទៀតថា ទាក់ទងនឹងការជួលផ្ទះ ឬដីរយៈពេលវែងនេះ រដ្ឋាភិបាលនឹងមានលក្ខខណ្ឌលំអិតមួយទៀតថាតើការជួលនោះនៅកន្លែងណា? ចំងាយប៉ុន្មានពីព្រំដែនជាដើម ដើម្បីកុំឲ្យពលរដ្ឋមានកង្វល់លើបញ្ហានេះថាអាចនឹងបាត់បង់ដីទៅឲ្យជនបរទេស៕
អត្ថបទ៖ អក្ខរា