សមិទ្ធផលអគារសិក្សាថ្មីចំនួន២ខ្នង ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សាលារៀន អ៊ាក ហួរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដែលមានទីតាំងស្ថិតក្នុងភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សាលារៀនភាសាចិន អ៊ាក ហួរ នេះដំណើរការឡើងវិញក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីត្រូវបានបិទទ្វារកាលពីឆ្នាំ១៩៧០ ដោយសារកត្តាសង្រ្គាម។ ឆ្លងកាត់កិច្ចខិតខំប្រឹងប្រែងកន្លងមក ថ្ងៃនេះសាលារៀនអាចសម្រេចបាននូវសមិទ្ធផលថ្មី គឺអគារសិក្សាថ្មីចំនួន២ខ្នង ដែលមាន៨បន្ទប់រៀន ក្រោមកិច្ចសហការរួមចំណែកពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រីសប្បុរសជនទាំងអស់ក្នុងការឧបត្ថម្ភសាងសង់សាលារៀននេះ។

សមិទ្ធផលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ និងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជា។ ពិសេសក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកធនធានមនុស្សជាអាទិភាពទី១ ក្នុងចំណោមអាទិភាពកន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការពង្រឹងគុណភាពវិស័យអប់រំត្រូវបានចាត់ទុកជាសសរស្ដម្ពសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព។

ដោយសារកត្តាសុខសន្តិភាពទើបកម្ពុជាមានការអភិវឌ្ឍ និងមានការបណ្ដាក់ទុនវិនិយោគ ហេតុដូចនេះ សុខសន្តិភាពគឺពិតជាសំខាន់ណាស់ ដែលយើងត្រូវរូបរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងពាសពេញផ្ទៃប្រទេស និងនិយាយដោយឡែកនៅក្រុងសំពៅពូន និងស្រុកកោះធំ សមិទ្ធផលជាបន្តបន្ទាប់បានកើតឡើងរួមមានផ្លូវ ស្ពាន សាលារៀន អាងហែលទឹក វត្តអារាម និងពិសេសថ្មីៗនេះគឺមន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យដែលមានលក្ខណៈស្តង់ដារខ្ពស់ និងទំនើប គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របណាមួយខាងមុខនេះ ដើម្បីបម្រើដល់ការថែទាំ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ៕