ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណធនាគារវីង (ខេមបូឌា) ម.ក ដែលបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។
ឯកឧត្តមបានលើកឡើងថា នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ហើយឯកឧត្តមសង្ឃឹមថា នឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាច្រើនទៀត អាចគិតគូរពិចារណាក្នុងការដើរតាមគំរូរបស់ធនាគារវីង (ខេមបូឌា) ម.ក ក្នុងការជួយជ្រោមជ្រែងដល់កសិករ និងសហគមន៍កសិកម្ម។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់ឥណទានរបស់ធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ កម្មវិធីនេះរៀបចំធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយទៀតក្នុងការជួយដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានលឿនទៅមុខមួយកម្រិតទៀត៕
អត្ថបទ៖ អក្ខរា