រដ្ឋមន្ត្រីក្រសួងការងារ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយឱ្យយុវជនឆាប់មានការងារធ្វើ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក​ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន១.៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។

សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធដោយបានកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានាដោយកំណត់បានមុខជំនាញសម្រាប់ជំហានដំបូង ចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”៕

អត្ថបទ៖ អក្ខរា