លោក Masakuni Negishi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Osaka Christian College (OCC) នៃប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។
លោកបានឲ្យដឹងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្ររបស់ OCC ក្នុងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំកម្រិតមត្តេយ្យសិក្សា ដោយនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យសិស្សត្រៀមខ្លួនជាស្រេច បន្តទៅកម្រិតបឋមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថាការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីវ័យក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់កុមារ គ្រួសារ សាលា និងសង្គម។
បច្ចុប្បន្នក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យភ្នំពេញ សាកលវិទ្យាល័យ Osaka Christian College បាននិងកំពុងលើកកម្ពស់ប្រព័ន្ធអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នាជាមួយកម្ពុជា ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាជប៉ុននៅតាមមូលដ្ឋាន។ កម្មវិធីនេះបានចាប់ផ្តើមបណ្តុះបណ្តាលសិស្សវិទ្យាល័យដែលចង់ទៅសិក្សានៅ OCC ឬ សាលាជប៉ុននាពេលអនាគត និងសិស្សដែលចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន។
គម្រោងនេះនឹងចាប់ផ្តើមជាមួយសាលារៀន២ នៅកម្ពុជា គឺនៅខេត្តព្រៃវែង និង ខេត្តកំពត ហើយគ្រោងនឹងបន្តទៅតាមវិទ្យាល័យផ្សេងៗបន្ថែមទៀតនាពេលអនាគត។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចគោលដៅរួមជាច្រើនបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា៕