រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តតាកែវ កំណត់ត្រឹម ១០ថ្ងៃ ដើម្បីច្រូតស្រូវលិចទឹកជាង ១ពាន់ហិកតា ឲ្យទាន់សភាពការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត ឃុំគោកព្រេច និងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកម្លាំងដែលកំពុងតែឈរជើង ហើយត្រៀមចុះជួយប្រជាកសិករ ក្នុងការច្រូតកាត់ស្រូវ ដែលរងការគំរាមពីជំនន់ទឹកភ្លៀងនៅតំបន់នេះ ធ្វើយ៉ាងណាជួយដល់ពួកគាត់ឱ្យច្រូតកាត់​ឱ្យបានឆាប់រហ័សបំផុត ជៀសវាងស្រូវខូចស្អុយរលួយ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត បានកំណត់រយៈពេលត្រឹម ១០ថ្ងៃ ដើម្បីច្រូតកាត់ និងត្រូវត្រៀម ម៉ាស៊ីនកិនស្រូវជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់កសិកររបស់យើង បានយកស្រូវដែលសើមទឹក និងស្រូវដែលបានច្រូតកាត់រួចហើយហាលថ្ងៃបានកិនស្រូវឱ្យទាន់ពេលវេលា ទាន់សភាពការណ៍ផងដែរ ពោលគឺជួយប្រមូលផលស្រូវរបស់កសិករដែលកំពុងតែជន់លិចទឹកជ្រៅនេះ។

បើតាមការបញ្ជាក់លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ផ្ទៃដីស្រែដែលកំពុងតែជន់លិចនៅឃុំគោកព្រេច គឺប៉ះពាល់ជាង ១ពាន់ហិកតា ហើយនៅក្នុងនោះដែរ បងប្អូនប្រជាកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននិងកំពុងតែចុះជួយប្រមូលផលស្រូវរបស់កសិករចំនួន ៣៩៥ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន ៤៣៧ហិកតា៕