ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ។
មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។
លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិច នៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា