ការចាកចេញរបស់លោក រ៉ុង ឈុន បានបង្ហាញច្បាស់ថា«ភ្លើងទៀន» ជិតរលត់មែនទែនហើយ!

«ភ្លើងទៀន» ជាធម្មតាមិនអាចឆេះរហូតមិនរលត់នោះទេ ហើយជាធម្មជាតិនៃ«ទៀន» គឺឆាប់រលាយនៅពេលត្រូវភ្លើងកាន់តែក្តៅ និងកាន់តែយូរ។ យ៉ាងណាមិញ គណបក្សភ្លើងទៀន ដែលយករូបទៀនជានិមិត្តសញ្ញានោះ ក៏ទំនងជានឹងរលត់រលាយឆាប់ៗខាងមុខនេះ។ រឿងសំខាន់មួយដែលអាចបញ្ជាក់ពីការរលត់រលាយនៃគណបក្សនយោបាយប្រឆាំងមួយនេះ គឺការចាកចេញរបស់លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាមនុស្សរបស់ទណ្ឌិតសម រង្ស៊ី។ 

លោក រ៉ុង ឈុន បានប្រកាស​លាលែង​ពីតំណែង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន និង​ពី​សមាជិក​គណបក្ស​នយោបាយចាស់វស្សាតែមិនដែលឈ្នះការបោះឆ្នោតម្តងណាសោះមួយនេះកាលពីថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ២០២៣ ។ លោក រ៉ុង ឈុន បានចាកចេញ បន្ទាប់ពីបានចូលរួមជាមួយគណបក្សភ្លើងទៀនបានប្រមាណជិត១ឆ្នាំ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើល គឺថា លោក រ៉ុង ឈុន មិនបានទៅ​ចូលរួមជាមួយគណបក្សនយោបាយចាស់វស្សា ឬធំណាមួយឡើយ តែផ្ទុយទៅវិញ លោកបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ 

គណបក្សកម្លាំងជាតិនេះ ត្រូវបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ហើយលោក ស៊ន ចន្ធី គឺជាស្ថាបនិកគណបក្សថ្មីនេះ។ បើតាមប្រភពខ្លះ បានបង្ហើបឱ្យដឹងថា គណបក្សកម្លាំងជាតិនេះ គឺមានលោក មាជ សុវណ្ណារ៉ា ដែលជាអតីតអ្នកនយោបាយនៃអតីតប្រឆាំងជាអ្នកនៅពីក្រោយ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់យ៉ាងណាពីលោក មាជ សុវណ្ណារ៉ា នៅឡើយទេ។ 

ងាកមករឿងលោក រ៉ុង ឈុន សម្រេចចូលជាមួយគណបក្សនេះវិញ គឺលោក បានលើកមូលហេតុថា ដោយសារតែគណបក្សភ្លើងទៀន បានបាត់បង់ឯកសារច្បាប់ដើម និងមិនត្រូវក្រសួងមហាផ្ទៃ ផ្តល់លិខិតទុតិយតា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ អាចបញ្ជាក់បានច្បាស់ថា លោក រ៉ុង ឈុន មានភាពឆ្លាតវៃក្នុងការធ្វើនយោបាយ ដោយរត់ចោលគណបក្សភ្លើងទៀន ទៅស្រវាគណបក្សថ្មី ដើម្បីក្តីស្រមៃរបស់ខ្លួន ឬអាចនិយាយបានថា ដើម្បីបន្តមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត។ 

រឿងមួយទៀតដែលគេចាប់អារម្មណ៍ គឺលោក រ៉ុង ឈុន នេះ បានអះអាងថា ការចូលរួមជាមួយគណបក្សកម្លាំងជាតិនៅពេលនេះក្នុងគោលបំណងបន្តចរន្តនយោបាយ និងគោលជំហរដើមរបស់គណបក្សភ្លើងទៀន និងបង្កើនកម្លាំងនយោបាយប្រជាធិបតេយ្យឲ្យកាន់តែធំធាត់ ឈានទៅដឹកនាំប្រទេស តាមការប្រកួតប្រជែងការបោះឆ្នោតខាងមុខ។ អ្នកនយោបាយចាស់វស្សារូបនេះ បានបញ្ជាក់ថា មានតែគណបក្សកម្លាំងជាតិមួយគត់ដែលមានទស្សនៈនយោបាយ ឆន្ទៈ និងគោលដៅដូចគណបក្សភ្លើងទៀន។ ត្រង់ចំណុចនេះ គឺបញ្ជាក់កាន់តែច្បាស់មែនទែនថា លោក រ៉ុង ឈុន បានសម្រេចបោះបង់ចោលគណបក្សភ្លើងទៀនតាមការចង្អុលបង្ហាញរបស់លោក សម រង្ស៊ី ព្រោះថា បើនៅបន្តទៀត ក៏គ្មានបានការអ្វីដែរ។ អ៉ីចឹងហើយ បោះបង់ចោលគណបក្សនេះ គឺល្អបំផុត។ ត្រង់នេះ ក៏បានបង្ហាញច្បាស់ថា ភ្លើងទៀន របស់គណបក្សនេះ ជិតរលត់រលាយមែនទែនហើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ឬអាចនិយាយមួយបែបទៀតថា គណបក្សនេះ នឹងគណបក្សទីងមោង គ្មានប្រយោជន៍ គ្មានបានការអ្វីទៀតឡើយ។

ដ្បិតថា ការបោះបង់ចោលគណបក្សភ្លើងទៀន មកស្រវាគណបក្សថ្មី ជារឿងវៃឆ្លាតរបស់លោក រ៉ុង ឈុន យ៉ាងណាក៏ដោយ ក៏ភាពវៃឆ្លាតរបស់លោកនេះ មិនអាចរំលោភបំពានលើច្បាប់បានទេ។ គណបក្សកម្លាំងជាតិ បានតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្ស។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានអះអាងថា ការតែងតាំងនេះ គឺមិនត្រឹមត្រូវតាមច្បាប់ឡើយ ដោយសារតែលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការអនុវត្តទោស និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ។ តាមច្បាប់ គឺរូបលោកមិនអាចធ្វើជាប្រធាន អនុប្រធាន ឬទីប្រឹក្សាគណបក្សនយោបាយណាមួយបានទេ។ 

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា១៨ថ្មី បានចែងថា៖ «ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ»។ មាត្រានេះ គឺលោក រ៉ុង ឈុន ត្រូវរង់ចាំឱ្យអស់ទោសទណ្ឌសិន ទើបអាចតែងតាំងជាមន្រ្តីជាន់ខ្ពស់ណាមួយនៃគណបក្សកម្លាំងជាតិបាន។ បើពុំដូច្នោះទេ ទាំងរូបលោក និងគណបក្សកម្លាំងជាតិ អាចនឹងមានបញ្ហា ប្រសិនបើនៅរឹងទទឹងនោះ៕ 

ដោយ៖ ជម្ពូនុទ