សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”។
សម្តេចធិបតីបានថ្លែងថា វេទិកានៅថ្ងៃនេះ ជាវប្បធម៌សន្ទនា ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា រវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកររួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។
“មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភាព កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។ ដូច្នេះ នេះជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ក្នុងការដឹកនាំវេទិកាលើកទី១ និងជាលើកទី១សម្រាប់កម្ពុជាទាំងមូលក្នុងរយៈពេល ៤ឆ្នាំក្រោមវិបត្តិជំងឺកូវីដ១៩”។ នេះជាប្រសាសន៍បញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតីបានបន្តថា “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” នៅថ្ងៃនេះ ក៏ត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយផងដែរ ហើយរាល់សេចក្តីសម្រេចនានា នៅក្នុងវេទិកានេះ គឺស្មើនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី៕
អត្ថបទ៖ អក្ខរា