ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាដែលមិនអាចកាត់ផ្តាច់បានឡើយ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងបានរៀបចំនូវវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេស រៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន បន្ទប់រៀន បន្ទប់អនុវត្ត និងបន្ទប់ពិសោធន៍ ព្រមទាំងការកំណត់នូវកម្មវិធីសិក្សាផ្តោតលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។
ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើវិស័យចំនួន១០ មាន៣៨ មុខជំនាញ ។ វិស័យទាំង១០នោះ រួមមាន វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅនិងត្រជាក់, មេកានិចទូទៅនិងមេកានិចរថយន្តទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន។ អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ៕
អត្ថបទ៖ អក្ខរា