កម្ពុជា-បារាំង ឧទ្ទិសដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។

ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយពួកខ្មែរក្រហម។

ជនជាតិកម្ពុជាចំនួន១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលចេញពីកម្ពុជាទៅបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅឆ្នាំនេះ ជាមួយការដាក់បាច់ផ្កានៅ ខាងមុខវិមាននេះ ស្ថានទូតបារាំងសូមឧទ្ទិសជាពិសេសដល់យុទ្ធជនកម្ពុជា ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១ជាមួយយុទ្ធមិត្តបារាំង។ សង្គ្រាមលោកលើកទី១ ឬហៅថា «មហាសង្គ្រាម» បានបិទបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់បើរាប់ទាំងជនស៊ីវិល ក្នុងនោះប្រទេសបារាំងបាត់បង់ជីវិតទាហាន មួយលានបួនសែននាក់ និងមានអ្នករបួសនិងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល៣សែននាក់រងគ្រោះ។

ចាប់តាំងពីឆ្នាំ២០១២មក ថ្ងៃទី១១វិច្ឆិកា មិនត្រឹមតែជាថ្ងៃរំលឹកដល់ការចុះហត្ថលេខាបញ្ចប់សង្គ្រាមលោកលើកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាថ្ងៃសម្រាប់ឧទ្ទិសដល់មនុស្សទាំងអស់ដែលបានពលីជីវិត ដើម្បីប្រទេសបារាំងនៅក្នុងសង្គ្រាម អតីតកាល និងបច្ចុប្បន្នកាល ទាំងជនស៊ីវិល និងទាហាន។ ពិធីនេះក៏ឧទ្ទិសផងដែរដល់អ្នកដែលបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការនានាក្រៅប្រទេសបារាំង។ គ្រប់ស្ថានទូតបារាំងទាំងអស់នៅបរទេសក៏ប្រារព្ធពិធីនេះដែរ ដើម្បីរំលឹកដល់សន្តិភាព ឧទ្ទិសដល់អ្នកស្លាប់ និងសម្ដែងការដឹងគុណដល់ពលីកម្មរបស់ពួកគេ៕

អត្ថបទ៖ អក្ខរា