បុរសម្នាក់រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលជាអ្នករើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ ហើយបានប្រគល់ជូនដល់ម្ចាស់វិញ ត្រូវបានចាត់ទុកជាពលរដ្ឋគំរូ និងទទួលបានការកោតសរសើរជាខ្លាំង។
បើទោះបីមានជីវភាពខ្វះខាត់ក៏ដោយ លោក ឈុន គួន បានរើសការបូបលុយភ្ញៀវទេសចរបរទេស មានលុយជាច្រើន ប៉ុន្តែគាត់ស្វែងរកម្ចាស់វិញនេះ ដោយយល់ឃើញពីជនរងគ្រោះជួបការលំបាក ព្រោះថានៅក្នុងការបូបនោះមានថវិកាផង មានប័ណ្ណទស្សនាអង្គរផង ព្រមទាំងមានលិខិតឆ្លងដែនផងដែរ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ លោក ឈុន គួន បានរើសសម្ភារៈភ្ញៀវទេសចរ នៅតាមផ្លូវទៅអង្គរវត្ដ ហើយបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកម្ចាស់ រួចហើយប្រគល់ឱ្យសមត្ថកិច្ចនគរបាលប្រគល់ឱ្យម្ចាស់ដើមវិញ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សា និងជាប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប បាននាំយកថវិការបស់ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាតំណាងរាស្ដ្រខេត្ដកំពង់ចាម និងឯកឧត្ដម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខធិការក្រសួងព័ត៌មាន ប្រគល់ជូនដល់បុរសរូបនេះ ដើម្បីជាការលើកទឹកចិត្ដដែលគាត់មានទឹកចិត្ដល្អ និងគុណធម៌ល្អ។
នគរបាលទេសចរណ៍ប្រចាំខេត្ដសៀមរាប បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលប្រជាពលរដ្ឋរើសបានសម្ភារៈភ្ញៀវទេសចរព្រមទាំង និងប្រគល់ឱ្យម្ចាស់ដើមវិញ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរ គឺពិតជាមានទឹកចិត្ដល្អ សីលធម៌និងសុជីវធម៌ល្អ បើទោះបីពួកកាត់មានភាពខ្វះខាតក៏ដោយ។
ជាការពិត នៅក្នុងសង្គមនីមួយៗ មានមនុស្សគ្រប់ជំពូក ដែលយើងមិនអាចដឹងថា បុគ្គលរូបណាល្អ រឺអាក្រក់ឡើយ។ ដូចនេះមនុស្សម្នាក់ៗ គប្បីប្រព្រឹត្តនូវអំពើល្អ ពោលគឺបើយើងធ្វើល្អចំពោះអ្នកដ៏ទៃ នោះអ្នកដ៏ទៃនឹងធ្វើល្អចំពោះយើងវិញ ត្រូវចាំថា អំពើល្អទៅដល់ទីណាក៏មិនសាបសូន្យដែរ។ សូមអំពើល្អនេះ ឆក់យកបេះដូងទេសចរបរទេសកាន់តែច្រើន មកលេងខេត្តសៀមរាប និងប្រទេសកម្ពុជា៕
អត្ថបទ៖ អក្ខរា