សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺដូចអាណត្តិមុនៗដែរ នឹងផ្តោតសំខាន់លើការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។ ដូច្នេះឈរលើយុទ្ធសាស្ត្រនេះ អ្វីៗទាំងអស់នឹងពឹងផ្អែកលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ព ជាពិសេសសមត្ថភាពក្នុងការពារខ្លួន និងឆ្លើយតបទាន់ពេលវេលា។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការពារជាតិ ហើយរាជរដ្ឋាភិបាលនឹងកាន់តែពង្រឹងទ័ពពិសេសឲ្យកាន់តែប្រសើរឡើង និងកាន់តែខ្លាំងក្លារឹងមាំ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣ ) ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមឯកសារនានា បានឱ្យដឹងថា បញ្ជាការដ្ឋានទ័ពពិសេស មានឈ្មោះដើមថា «កងអនុសេនាធំទ័ពឆត្រយោងកម្ពុជា»បង្កើតឡើងដោយព្រះរាជក្រមលេខ ៤២៦ នស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ប៉ុន្តែអង្គភាពទ័ពមួយនេះត្រូវបានរលំរលាយបាត់ឈ្មោះពីលើទឹកដីកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ទើបអង្គភាពទ័ពមួយនេះត្រូវបានបង្កើតឡើងវិញ ដោយមានឈ្មោះថា «កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១» ហើយសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបង្កើតអង្គភាពនេះដោយផ្ទាល់។ លុះក្រោយមកនៅឆ្នាំ១៩៩៩ អង្គភាពទ័ពមួយនេះ បានប្រែក្លាយជា «កងពលតូចទ័ពពិសេសឆត្រយោង៩១១» វិញ។
លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេលនោះ បានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ពមួយនេះ ពី «កងពលតូចទ័ពពិសេសឆត្រយោង៩១១» ទៅជា «បញ្ជាការដ្ឋានទ័ពពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក៕
អត្ថបទ៖ អក្ខរា