ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ឆ្លងតាមកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចប់ការពិនិត្យទាំងស្រុងលើបញ្ជីទណ្ឌិតដែលបានស្នើសុំសរុបចំនួន៩០២នាក់។
ជាលទ្ធផលទណ្ឌិតប្រមាណ៦០% លើចំនួនទណ្ឌិតស្នើសុំសរុប ៩០២នាក់ ត្រូវបានគណៈកម្មការជាតិបានពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ដើម្បីគោរពជូនសម្តេចធិបតី ពិនិត្យ និងទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតនៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា ចំពោះ សំណើសុំលើកលែងទោសទាំងអស់ គណៈកម្មការជាតិពុំទទួលយកមកពិនិត្យនោះឡើយ លើកលែងតែករណី១គត់ គឺទណ្ឌិតភេទស្រី១រូប នៅពន្ធនាគារខេត្តកំពង់ធំ ដែលជាករណីមនុស្សធម៌ក្នុងលក្ខខណ្ឌដែលទណ្ឌិតរូបនេះកំពុងមានជំងឺមហារីកកម្រិតទីបួនតែប៉ុណ្ណោះ ។
ជាមួយគ្នានេះ គណៈកម្មការជាតិក៏ពុំលើកយកមកពិនិត្យពិចារណានោះឡើយចំពោះទណ្ឌិត ដែលបានប្រព្រឹត្តអំពើ ១.ចំពោះបទល្មើសទូទៅ៖ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ និង២.ចំពោះបទល្មើសរំលោភផ្លូវភេទ៖ ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕
អត្ថបទ៖ អក្ខរា