ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសសុខចិត្តទទួលរងការរិះគន់ជំនួសរដ្ឋមន្ត្រីក្រសួងសាធារណការថ្មី គឺឯកឧត្តម ឯកឧត្តម ប៉េង ពោធិ៍នា ចំពោះបញ្ហាកំណាត់ផ្លូវជាតិលេខ៣ ប្រមាណ២០គីឡូម៉ែត្រពីកំពត-វាលរេញ។
ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពាវនាវកុំឲ្យមានការរិះគន់លើរដ្ឋមន្ត្រីក្រសួងសាធារណការអាណត្តិថ្មីនេះ ព្រោះកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនអាចស្តារឡើងវិញបាន ពេលដែលឯកឧត្តមជារដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីអាណត្តិមុន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានសំណូមពរដល់ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ។
ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងារអន្តរក្រសួង បានពិភាក្សាជាមួយដៃគូដែលនឹងត្រូវផ្តល់ថវិកាហិរញ្ញប្បទានលើនីតិវិធី ដើម្បីឈានទៅការស្ថាបនាធ្វើឱ្យប្រសើរផ្លូវនេះឡើងវិញ ដែលអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
តាមការសិក្សាសិក្សាបច្ចេកទេសរបស់ក្រសួងជាមួយក្រុមជំនាញការអំពីស្ថានភាពផ្លូវនេះ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលតែងតែខូចនេះមានប្រវែង ២០គីឡូម៉ែត្រ បែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ។
ក្រសួងសាធារណការបានបញ្ជាក់ថា ថ្វីត្បិតផ្លូវត្រឹម ២០គ.ម ពិតមែន តែការជួសជុលត្រូវធ្វើតាមបែបស្ដង់ដាឱ្យរឹងមាំជាប់បានយូរ ដោយគ្រោងចំណាយរហូតដល់ ៦០ ទៅ ៧០លានដុល្លារ ហើយបច្ចុប្បន្ននៅរង់ចាំថវិកាពីចិននៅឡើយ៕
អត្ថបទ៖ អក្ខរា