ប្រភពពីហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកានេះថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។
ប្រភពដដែលបានបន្តថា ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ។ ការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ។ ការវះកាត់លើកទី២គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ។ ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។
ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។ នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់យើង ៣ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ៕