ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿន នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួប ១ឆ្នាំ ការបើកឱ្យដំណើរការជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅស្ថានីយទូទាត់ប្រាក់ទី១ “ភ្នំពេញ”។ ការប្រារព្ធពិធីនេះ ក្រោមវត្តមានឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា សមាជិក សមាជិការាជរដ្ឋាភិបាល អភិបាល រាជធានី-ខេត្តពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុនCRBC ថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវល្បឿនលឿនPPSHV ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២.០០០នាក់។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាសមិទ្ធផលដែលប្រសូតចេញពី កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិន ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការលើកកម្ពស់ឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់ផងដែរ។ ផ្លូវមួយខ្សែនេះ ក៏ជាកាតាលីករក្នុងការតភ្ជាប់ ប្រព័ន្ធផ្លូវល្បឿនលឿនផ្សេងទៀតនៅកម្ពុជានាពេលអនាគត ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើទំនើបកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងយុគសម័យថ្មី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងគោលនយោបាយអាទិភាព ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
អត្ថបទ៖ អក្ខរា