ក្រសួងអប់រំវាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានដំណើរការល្អ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។

ក្រសួងអប់រំ បានលើកឡើងថា ដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌល ប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។

ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥នាក់។ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប ៣.០៤០នាក់ ។

បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះ បេក្ខជនមានបញ្ហាសុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំង អស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ ។ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស បានបំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ និងដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាព សហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន១ករណីគត់។ ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានបញ្ចប់ទៅនៅម៉ោង ១៦:៣០ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហឹបសំណៅកិច្ចការបេក្ខជននិងសំណុំឯកសារពាក់ ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ហើយត្រូវបញ្ចូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណ។

ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាម គោលការណ៍ «អ្នកចេះគឺជាប់»៕