ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។
បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
នៅព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុបនេះ ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា ប្រវត្តិវិទ្យា និងជីវវិទ្យា។ ចំណែកវិញ្ញាសាសម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជា ផែនដី និងបរិស្ថាន និងប្រវត្តិវិទ្យា។ រីឯនៅពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា គីមីវិទ្យា និងភាសាបរទេស។ ចំណែកវិញ្ញាសាសម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជាភូមិវិទ្យា និងភាសាបរទេស។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ អក្ខរា