លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរឹទ្ធិនារីកម្ពុជា ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS នៃសមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងជាប្រវត្តិសាស្ត្រនៃចលនាកាយឫទ្ធិនារីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការបើកទំព័រប្រវត្តិសាស្ត្រមួយថ្មីទៀតសម្រាប់មហាគ្រួសារចលនាកាយរឹទ្ធិកម្ពុជានិងប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិមាតុភូមិលើឆាកអន្តរជាតិទៀតផង។

សូមជម្រាបថា មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំឡើងលើទឹកដីសៀមរាបអង្គរពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី»៕