នាយករដ្ឋមន្ត្រីកម្ពុជា៖ ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន ។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ នេះជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣។

សម្តេចធីបតីបានលើកឡើងថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់​សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯក​ភាពជាតិ នៅកម្ពុជា ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។

សម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភព​លោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្តវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកប​ដោយសមត្ថភាព និងទំនុកចិត្ត ។ ជាការកត់សម្គាល់ គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និងស្ត្រីវ័៏យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្ដីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន» ហើយសូមគាំទ្រ ចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។

«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់​តែច្រើន»។ ទទ្ទឹមគ្នាជាមួយនឹងពាក្យស្លោកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រក​ប​ដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី គឺជាស្នូល ដែលផ្តល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្រ្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលសមាគមកាយឫទ្ធិនារីនេះគឺជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស-និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ន នៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្ត្រី, ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់, ការពង្រឹងឱកាសការងារ និងការការពារសិទ្ធិធ្វើការងាររបស់ស្រ្តី, ព្រមទាំងការបន្តតម្លើងតួនាទីរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម៕