របាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន ៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លារ។
ដោយឡែក របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១%។
ចំណែក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាមធ្យមចំនួន ២៧០០នាក់ក្នុងមួយថ្ងៃ ខណៈជើងហើរហោះមានចំនួន ៣៨ជើងក្នុងមួយសប្តាហ៍។ ចំពោះអ្នកដំណើរ គឺមានចម្រុះជាតិសាសន៍ ដោយភាគច្រើនមកពីតំបន់អាស៊ាន និងចិន។
បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ និងចូល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា នៅរដូវរងា ពោលគឺចាប់ចុងខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ៤០ជើងក្នុងមួយសប្តាហ៍៕
អត្ថបទ៖ អក្ខរា