កម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅទេសចរណ៍ឈានមុខគេក្នុងទ្វីបអាស៊ី ផ្នែកវប្បធម៌ និងយុវជន ឆ្នាំ២០២៣

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Cultural Destination 2023) និងគោលដៅទេសចរណ៍យុវជន​ឈាន​មុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Youth Travel Destination 2023) តាម​រយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយក្រុមហ៊ុន World Travel Awards មានទីស្នាក់ការនៅចក្រភពអង់គ្លេស។

សូមបញ្ជាក់ថា កម្ពុជាទទួលបានពានរង្វាន់នេះចំនួន ២ឆ្នាំជាប់គ្នា ដែលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រសួងទេសចរណ៍កម្ពុជាធ្លាប់បានទៅទទួលពានរង្វាន់នេះដោយផ្ទាល់ក្នុងឱកាសប្រារព្ធខួបទី២៩ឆ្នាំ របស់ ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards’ Asia & Oceania Gala Ceremony 2022 នៅទីក្រុង​ហូជីមិញ ប្រទេសវៀតណាម។

ក្រសួងទេសចរណ៍ អំពាវនាវដល់សមាគមទេសចរណ៍ គ្រប់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ ទេស​ចរ​ជាតិ-អន្តរជាតិ សាធារណជន និងអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយអំពីការទទួលបានពានរង្វាន់កម្ពុជា ជាគោល​ដៅទេសចរណ៍ឈានមុខគេលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ២០​២៣នេះ ឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ​ឱ្យមកទស្សនា និងវិនិយោគនៅ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕