ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកានេះ បង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ។
ទន្ទឹមនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងខំមិនសារជូនពរនូវបេក្ខជនប្រឡងចាស់ជាងគេរូបនេះដែលមានអាយុ ៥៧ឆ្នាំ ហើយគេនៅចាំបានថា បេក្ខជនរូបនេះបានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២។
អ្នកស្រី ហែម ស៊ីណាត គ្រូអក្ខរកម្ម នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំមុន។ តែអ្នកគ្រូបំពេញវិជ្ជារូបនេះ មិនបានប្រឡងជាប់ឡើយ។ ក្រោយលទ្ធផលប្រឡងធ្លាក់ គាត់ក៏បានតាំងចិត្តប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំក្រោយផងដែរ។
ដូចការតាំងចិត្ត ពោលគឺនៅក្នុងសម័យប្រឡងឆ្នាំ២០២៣នេះ បេក្ខជនវ័យចំណាស់រូបនេះ នឹងប្រឡងម្ដងទៀតនាឆ្នាំនេះ ហើយនឹងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយសន្លឹកនេះឲ្យបាន។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រឡងបាក់ឌុប២០២៣នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ ស្រី ៧៣.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣.៨៦១បន្ទប់៕
អត្ថបទ៖ អក្ខរា