ឃាត់ខ្លួនស្រ្តីអាជីវករលក់មាសពេជ្រ ឆបោកលុយជាង ១ម៉ឺនដុល្លារ

ស្ត្រីជាអាជីវករឈ្មោះ រ៉េ​ន សុវណ្ណ​រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ​មាស​និង​ប្លា​ទី​ន​«​តូប​លេខ​៩៥» នៅ​ផ្សារ​ជម្ពូ​វ័ន មាន​ទីលំនៅភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្ត្រី​២​នាក់​ដែល​បាន​ចោទប្រកាន់​ថា ស្ត្រី​សង្ស័យ​រូប​នោះ​ឆបោក​ពួក​គាត់​យក​លុយ​និង​គ្រឿងអលង្ការ​ពី​ពួក​គាត់​ទាំង​២​នាក់​អស់​សរុប​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​ថែម​ទៀត​។

ការ​ឃាត់ខ្លួន​ស្ត្រីអាជីវករលក់មាស១រូប​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​​តូប​លក់​មាស «​តូប​លេខ​៩៥» ស្ថិត​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន។

​ស្ត្រី​​ជា​ជន​រង​គ្រោះ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ ទី១-ឈ្មោះ សូត្រ ក្មិ​ច អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ បាត់បង់សរុប​៤,៦៩០​ដុល្លារ ដោយ​ជនសង្ស័យ​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​គាត់ និង​២-​​ឈ្មោះ ពុំ ចាន់​ថន អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ខាតបង់​អស់​លុយ​សរុប​ជាង​៧​ពាន់​ដុល្លារ​ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ ហើយ​ស្ត្រី​នោះ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ជន​រង​គ្រោះ​មែន ហើយ​ពេល​នេះ​ខ្លួន​គ្មាន​លទ្ធភាព​សង​ទេ ។ បន្ទាប់​មក​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​