លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៅថ្ងៃទី១ ខែវិច្ឆិកា បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។
ក្រសួងបានឲ្យដឹងថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់-ទទួលជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រជាជនកម្ពុជា ដែលមានតម្លៃប្រមាណ ២៣៤០លានយេន ស្មើនឹងប្រមាណ ២០លានដុល្លារអាមេរិក៕