ប្រជានេសាទ ដែលព្រលែងត្រីរាជចូលបឹងទន្លេសាបវិញ ទទួលបានលិខិតសរសើរ និងចាត់ទុកជាគំរូដ៏ល្អ

រដ្ឋបាលជលនៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរដល់លោកលោក ដែង ម៉ៅ នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានលែងប្រភេទត្រីរាជ១ក្បាល ដែលនេសាទបាន ទម្ងន់៥០គីឡូក្រាម ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ។

ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណ និងកោតសរសើរលោក ដែន ម៉ៅ ចំពោះទង្វើជាគំរូនេះ និងស្នើសូមឲ្យបងប្អូនប្រជានេសាទទាំងអស់នៅលើបឹងទន្លេសាប រួមគ្នាយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិរក្សត្រីរាជ និងប្រភេទត្រីកម្រដទៃទៀត ក្នុងគោលដៅធ្វើយ៉ាងណាឲ្យប្រភេទត្រីកម្រទាំងអស់នេះ មានវត្តមានកាន់តែច្រើនឡើងវិញ នៅក្នុងដែនទឹកធម្មជាតិកម្ពុជា។

ក្រសួងចាត់ទុកការព្រលែងត្រីរាជ ដែលជាប្រភេទត្រីមួយកំពុងទទួលការគំរាមកំហែងបាត់ពូជ គឺជាស្មារតីទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាប្រភេទត្រីេនះឲ្យស្ថិតស្ថិរគង់វង្ស។

រដ្ឋបាលជលផល អំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដោយលែងត្រឡប់វិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះនៅក្នុងធម្មជាតិ​សម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ អក្ខរា