សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺឈរលើភាពជាក់ស្តែងនិយម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២វិច្ឆិកានេះបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបកម្មករ និយោជិត ជាការផ្សារភ្ជាប់ទំនាក់ទំនង មនោសញ្ចេតនា និងឈ្វេងយល់ពីបញ្ហារបស់កម្មករ និយោជិត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតីបញ្ជាក់ថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺឈរលើភាពជាក់ស្តែងនិយម មិនមែនឆក់កណ្តៀត ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ។

សម្តេចធិបតីបានថ្លែងថា ការបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តត្រឹមត្រូវហើយ កុំបារម្ភរាជរដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីជាតិ និងប្រជាជន។

បើតាមសម្តេចធិបតីតម្រូវការរបស់ប្រជាពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ហើយការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏មិនអាចបញ្ចប់ត្រឹមតែ៤ឆ្នាំនោះដែរ។

បន្ថែមទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺដើម្បីបក្ខពួកខ្មែរទាំង១៧លាននាក់ មិនមែនដើម្បីបុគ្គលណាម្នាក់នោះឡើយ៕