ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័ន Smithsonian បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ តាមរយៈប្រព័ន្ធវីដេអូ។ ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។ ការចុះហត្ថលេខានេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺជាសក្ខីភាពមួយទៀតបញ្ជក់ពីភាព រឹងមាំរវាងកម្ពុជា-អាមេរិកនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដែលរាប់បញ្ចូលនូវកិច្ចប្រឹងប្រែង អភិរក្សនិងស្ដារឡើងវិញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងកាត់បន្ថយកលួចវត្ថុបុរាណ ដ៏មានតម្លៃមហាសាលដែលគ្មានអ្វីអាចជំនួសបាន។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក បានសម្របសម្រួលប្រគល់វត្ថុបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំនួនជាង២០០ដុំ មកកាន់កម្ពុជាវិញ ក៏ដូចជាបានផ្ដល់ថវិកា និងការបណ្ដុះបណ្តាលសមត្ថភាពជនជាតិខ្មែរ ដើម្បីការពារ អភិរក្ស និងស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
សូមជម្រាបថា ការបន្តអនុស្សរណៈនៃការយោគយល់គ្នាលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីខែសីហាកន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ អក្ខរា