ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាស ឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងបានសម្តែងនូវសុទិដ្ឋិនិយមរួមគ្នាថា ភាពជាដៃគូជិតស្និទ្ធនេះនឹងកាន់តែរីកចម្រើន លូតលាស់បន្ថែមទៀត។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករក្នុងការអនុវត្តកិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពជាមួយគ្នា នាពេលកន្លងមក រួមមាន (១) ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង (២) ការបង្កើត “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នា កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជំនួបជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពផ្តួចផ្តើមឱ្យមានសកម្មភាពគ្រប់ ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយនិងការគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
បន្ថែមលើកិច្ចពិភាក្សាអំពីប្រធានបទទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម ព្រមទាំងភាពជាដៃគូអាស៊ាន-ចិន និងសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន៕