នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋាកិច្ច នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែតុលា កឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋខ្មែរយើងមកពីបណ្តារាជធានី ខេត្ត ក្រុង ស្រុក ប្រមាណជាង ២១ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសផងនេះ បានធ្វើដំណើរចូលមកខេត្តសៀមរាប ពិសេសនៅប្រាសាទអង្គរវត្ត។
ទេសចររាប់ម៉ឺននាក់មកតំបន់អង្គរ ដោយសារពួកគាត់មានជំនឿលើបារមីដ៏ខ្លាំងពូកែរបស់ព្រះធម្មវនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) និង ចង់ជួបព្រះភ័ក្រ្តព្រះអង្គផង ក្នុងខណៈពេលដែលព្រះអង្គគង់នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុងសៀមរាប។
ឯកឧត្តម បន្តថា ក្នុងរយៈពេល៣ថ្ងៃ ធ្វើឲ្យចំនួនលើសលប់ជាងបណ្តាបុណ្យប្រពៃណី ដែលសបញ្ជាក់ឲ្យឃើញថា វិស័យ ទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ ក្នុងវិស័យទេចរណ៍នៅកម្ពុជា ហើយក្នុងរយៈកន្លងមកអ្នកទេសចរដែលចូលកម្សាន្តប្រាសាទអង្គរវត្ត ភាគច្រើនបានត្រឹមតែមើលប្រាសាទ តែមិនបានស្គាល់អ្វីដែលស៊ីជម្រៅជាងនេះនៅឡើយទេ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បន្ថែមថា ដោយមើលឃើញនូវស្ថានភាពបែបនេះ ក្រសួងបាននឹងកំពុងគិតគូរដល់ពីវិស័យទេសចរណ៍បែបជំនឿសាសនា ដែលក្រសួងទេសចរណ៍ កំពុងលើកគម្រោងនេះឡើង ហើយក៏នៅតាមទីវត្តអារាម នៅកម្ពុជា ដែលមានអាយុកាលរាប់រយឆ្នាំ ក៏បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្តផងដែរ៕