ចក្រភពអង់គ្លេស ប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ និងភាគីអង់គ្លេសដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាមកកម្ពុជាក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។

ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនភាគីមិត្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយ ថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីអាទិភាព ៦ ចំណុច និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។

ឯកឧត្តមឯកអគ្គរាជទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាទៀងទាត់រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួន ដែលជាកង្វល់រួមផងដែរ។ ភាគីទាំងពីរចាត់ទុកកិច្ចពិគ្រោះយោបល់ទ្វេភាគី ជាយន្តការចាំបាច់លើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ។ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងធ្វើឡើងនៅទីក្រុងឡុងដ៏ នាឆ្នាំក្រោយ៕